វាចារអ្នកនិពន្ធៈ វប្បធម៌ចែករំលែក៖ ការឲ្យទានជាការបង្ករឲ្យមានភាពក្រីក្រ?
{កំណត់សំគាល់របស់អ្នកនិពន្ធ៖ នេះគឺជាគំនិតមតិរបស់អ្នកនិពន្ធ ដូចនេះព័ត៌មាននេះមិនមែនឆ្លោះបញ្ចាំង និងធានាថាត្រឹមត្រូវទាំងស្រុងនោះទេ។ សុខ ពិទូរ្យ សូមទទួលរាល់គំនិតមតិយោបល់របស់ អ្នកទស្សនា។}
តាមការសង្កេតរបស់ខ្ញុំ ចំនួនអ្នកសុំទានចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ នៅតាមតំបន់ប្រជាជន និងទីក្រុងពានិជ្ចកម្ម និងទេសចរណ៌។ ជាងនេះទៅទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរត់ពន្ធមនុស្ស ទៅសុំទាននៅប្រទេសជិតខាង ឬនៅតំបន់ទេសចរណ៌នានា។ កុមារា កុមារី ទារក និងទារិការ និងជនចាស់ជរា ត្រូវបានគេយកមកធ្វើអាជីវកម្ម យ៉ាងគួរឲ្យអាណោចអាធម្ម។
កាលពីមុន គេសងេ្កតឃើញថា ការសុំទានមានភាគច្រើនតែនៅតាមទីផ្សាធំៗទេ។ ក៏ប៉ុន្តែ នៅពេលនេះ គឺឃើញមាននៅតាមកណ្តាលផ្លូវ និងតាមហាងលក់ចំណីអាហារនានា។ យើងទទួលស្គាល់ថា ភាពក្រីក្រ និងភាពគ្មានការងារ គឺជាបុព្វហេតុដែលនាំឲ្យពួកគាត់ក្លាយជាអ្នកសុំទាន។ ក៏ប៉ុន្តែ បុព្វហេតុមួយទៀតដែលរួមចំណែកដល់ការកើនឡើងនៃចំនួនអ្នកសុំទាន ឬការជួញដូរនោះ អាចមកពីការចែករំលែក ឬការដាក់ទានដោយជនសប្បុរសមួយចំនួន។ ការដាក់ទាននេះ អាចជម្រុញដល់ជនក្រីក្រមួយចំនួនទៀតបោះបង់ការងារដែលពួកគាត់យល់ថាពិបាក ហើយបោះបង់ចោលការងារនៅស្រុកភូមិរបស់ខ្លួន ហើយក៏ជាកត្តាជម្រុញឲ្យជនខិលខូចធ្វើការជួញដូរមនុស្សមកធ្វើអាជីវកម្មសុំទាន។ ដូចដែលគេនិយាយថា ការជួញដូរគឺមានអ្នកទិញនិងអ្នកលក់ ឬមានអ្នកសុំ និងអ្នកឲ្យ។
យើងទទួលស្គាល់ថា ការដាក់ទានរបស់ជនសម្បុរសគឺអាចជួយដល់ជនក្រីក្រ ដែលជាអ្នកសុំទានបានមួយរយៈ ក៏ប៉ុន្តែវាមិនមែនជាដំណោះស្រាយយូរអង្វែង ឬជួយឲ្យពួកគាត់ចាកផុតពីភាពជាអ្នកសុំទាននោះទេ។ ជាមួយគ្នានេះ ការដាក់ទាននេះ នឹងធ្វើឲ្យពួកគាត់បំភ្លេចនូវសិទ្ធិអំណាចរបស់គាត់ដែលជាម្ចាស់ឆ្នោត ដែលតម្រូវឲ្យអ្នកតំណាងរាស្រ្ត ក៏ដូចជាអ្នកតំណាងរបស់ខ្លួននានាមានកាតព្វកិច្ចចំពោះខ្លួនហើយវាក៏ជាកត្តាដែលធ្វើឲ្យអ្នកតំណាងរាស្រ្តមិនឲ្យតម្លៃចំពោះក្រីក្រជាអ្នកសុំទានដែរ។
ប្រសិនបើ មិនមានការដាក់ទានទេ នោះប្រជាពលរដ្ឋដែលក្រីក្រអាចនឹងមានការព្យាយាម និងស្វះស្វែងឲ្យមានការដោះស្រាយចំពោះពួកគាត់ឲ្យបានសមរម្យពីសំណាក់រាជរដ្ឋាភិបាល ដែលនេះអាចជាដំណោះស្រាយយូរអង្វែង ព្រោះពួកគាត់ក៏ជាម្ចាស់ឆ្នោតមួយរូបដែរ។
ដំណោះស្រាយមួយទៀត ថវិការដាក់ទានទាំងនេះនឹងកាន់តែមានប្រយោជន៌ថែមទៀតបើសិនជាត្រូវបានបរិច្ចាកទៅអង្គការស្ថាប័ន មនុស្សធម៌ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ព្រោះការជួយដល់អង្គការដែលមានរចនាសម្ព័ន្ធជួយដល់ជនក្រីក្រ គឺអាចជាដំណោះស្រាយជួយដល់ជនក្រីក្របានយូរអង្វែង។
អរគុណ!
ពិទូរ្យ
ត្រលប់ទៅព័ត៌មានថ្មីៗ*** ត្រលប់ទៅការបោះពុម្ពផ្សាយ
វប្បធម៌ចែករំលែកគឺជាប្រការដល់ក្នុងការជួយជនក្រីក្រ ពីព្រោះថាកាដាក់ទានដល់ជនដែលគ្មានគឺជាប្រការមួយដ៏ល្អ។ សម្រាប់ ខ្ញុំតែងតែជួបនាក់សុំទានជារឿយៗពេលដែលចូលហូតអាហារនៅហាងលក់ចំណីពេលខ្លះអោយ ពេលខ្លះក៏អត់ដែរ ព្រោះអ្នក សុំទានខ្លះមានកាយសម្បទាល្អ មិនសុំធ្វើអ្នកសុំទានសោះ។ តែអ្នកសុំទានខ្លះគឺជាមនុស្សចាស់គួរអោយអាណិត។ ដូចក្នុងប្រកាសប្រិយមិត្តដែលនិយាយថាការដាក់ទានអាចជាប្រការមួយធ្វើអោយមនុស្សខ្លះខ្ចិល។ នេះក៏អាចត្រឹមត្រូវដែរ ព្រោះប្រជាពលរដ្ឋខ្មែរខ្លះមិនចរិកចូលចិត្តទទួលអំណោយ មិនចូលចិត្តធ្វើការលំបាកទេ បានលុយហើយយកទៅផឹកស៊ីអស់ ទើបត្រឡប់មកសុំទានវិញ ប៉ុន្តែយើងមិនគួរបញ្ឈប់ការដាក់ទាន របស់យើងទេ យើងគួរតែគិតរកមធ្យោបាយដាក់ទានផ្សេងវិញ ដូចជាការបង្កើតអង្គការសម្រាប់មនុស្សចាស់ បង្កើតទីផ្សាសម្រាប់ ផលិតផលកសិកម្ម ដែលជាកត្តាមួយជម្រុញ អោយមានការកើនឡើងនៃចំនួនកសិករ និងគួរតែមានវិធីសាស្រ្ត អប់រំប្រជាជនខ្មែរអោយយល់អំពីតម្លៃនែការងារ។ គួរតែយកតម្រាប់តាមប្រជាជនចិន និងប្រជាជនវៀតណាម។ ការពិតខ្មែរយើងមានចំនុចជាច្រើនត្រូវកែតម្រូវ ខ្មែរត្រូវតែចេះជួយគ្នាទៅវិញទៅមក កុំធ្វើស្រែលើខ្នងរាស្រ្ត នេះហើយគឺជាការដាក់ទានដ៏បរិសុទ្ធ៕
រដ្ឋា
ខែមករា 3, 2009